ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុដែលនៅតែរឹងមាំ ខណៈពេលមានការប្រែប្រួលក្នុងវិស័យទូរគមនាគមន៍
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤]– ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត និងអ៊ីនធឺណិតរបស់កម្ពុជា នៅថ្ងៃនេះបានប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤។ ទោះបីជាមានការប្រឈមនៅក្នុងវិស័យទូរគមនាគមន៍ និងបទប្បញ្ញត្តិថ្មីៗពីក្រសួងក៏ដោយ ក្រុមហ៊ុនក៏នៅតែមានយុទ្ធសាស្ត្រក្នុងការសម្របខ្លួន តាមសភាពការណ៍ជាក់ស្តែងផងដែរ។ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមទាំងការផ្តល់ជូនអ៊ីនធឺណិតតាមគេហដ្ឋានជាច្រើនជម្រើសម្រាប់អតិថិជនផងដែរ។
ដោយមានយុទ្ធសាស្រ្តក្នុងការវិនិយោគបន្ថែម លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ធ្វើឱ្យទ្រព្យសកម្មសរុបក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានកើនឡើង ចំនួន ១១% ស្មើនឹង ២.៨៤៧ ប៊ីលានរៀល ។ ទោះបីជាបំណុលសរុបកើនឡើង ចំនួន ១៣% ស្មើនឹង ១.៦៥៤ ប៊ីលានរៀលក៏ដោយ ក៏ទ្រព្យភាគហ៊ុនិករបស់ក្រុមហ៊ុន បានកើនឡើងគួរឱ្យអបអរសាទរដែរ។ ការកើនឡើងនៃទ្រព្យភាគហ៊ុនិកនេះ មានចំនួនរហូតដល់ ៨% ស្មើនឹង ១.១៩៣ ប៊ីលានរៀល នេះជាការកើនឡើង ដែលសបង្ហាញអំពីភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ទទួលបានប្រាក់ចំណេញកើនឡើងចំនួន ១៩,២៩% នៃឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាមានបទប្បញ្ញត្តិទូរគមនាគមន៍ថ្មីៗ ដូចជាក្នុងមួយអត្តសញ្ញាណប័ណ្ណរបស់អតិថិជន អាចជាវទិញស៊ីមកាតបានចំនួនត្រឹមតែប្រាំស៊ីម និងមានសម្ពាធក្នុងការប្រកួតប្រជែង រវាងប្រតិបត្តិករទូរស័ព្ទចល័តក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តវិនិយោគ លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនង សេវាឌីជីថល និងពង្រឹងសេវាឱ្យបានកាន់តែល្អថែមទៀត ដើម្បីបំពេរតម្រូវការជូនអតិថិជន និងសម្រាប់អាជីវកម្មក្នុងរយៈពេលវែងប្រកបដោយនិរន្តរភាព។
តាមមតិរបស់ លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ” ខ្ញុំសូមអរគុណចំពោះក្រុមការងាររបស់យើង ក្នុងការសម្រេចបាននូវទិសដៅដ៏លំបាកនៃយុទ្ធសាស្ត្រទីផ្សារ ឆ្ពោះទៅរកការពង្រីកសេវាអ៊ីនធឺណិតតាមគេហដ្ឋាន រួមទាំងការបំពេញបន្ថែមលើទំនើបកម្ម ផ្នែកនវានុវត្តន៍សេវាផ្សេងៗមួយចំនួន ដែលអាចឱ្យក្រុមហ៊ុនឈរជើងបាន ក្នុងការទទួលបានកំណើននៃប្រាក់ចំណេញទាំងនេះ។
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅតែបន្តយកចិត្តទុកដាក់ចំពោះ ការផ្តល់សេវាជូនអតិថិជន បុគ្គលិក និងភាគហ៊ុនិករបស់ខ្លួនដដែល ទោះបីជាក្នុងខណៈពេលដែល ក្រុមហ៊ុនកំពុងរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត)
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។