លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦
Published Date: May, Thursday 02, 2024
ក្នុងនាមក្រុមហ៊ុន ខេមជ្ជី អេសអេម ម.ក ហៅកាត់ថា សែលកាត ក្រុមហ៊ុន អ៊ីហ្សីខម ក្រុមហ៊ុន តែលកូថេកនិងក្រុមហ៊ុន ថេឡេម៉ូបាយ (ខេមបូឌា) ខបភើរេសិន (ធីស៊ីស៊ី) ដែលមានលោកអគ្គនាយក ប្រតិបត្តិ Simon John Perkins ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន សូមចូលរួមត្រេកអរ អស់ពីចិត្ត ជូនចំពោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦។
កម្មវិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ សិល្បករ-សិល្បការិនី ក្នុងប្រទេសកម្ពុជា។
ព្រឹត្តិការណ៏បោះឆ្នោតនេះ មានបេក្ខភាពចុងក្រោយចំនួន ៣រូប រួមមាន៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។
សិល្បករ-សិល្បការិនី ក្នុងប្រទេសកម្ពុជា ជាង ៦០០នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួន ក្នុងនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាបេក្ខភាពនាំមុខ ដោយទទួលបានការទុកចិត្ត និងទទួលបានសំលេងឆ្នោតចំនួន ៥២៧សំឡេង លើសបេក្ខភាពផ្សេងៗ បានក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ សម្រាប់ឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៩។
សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកសេ្នហាវិស័យសិល្បៈ វប្បធម៌មួយចំនួន ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់សិល្បករចាស់ជរា ពិការភាព បាត់បង់សមត្ថភាព ឬជួបបញ្ហាជីវភាពជាដើម។