
[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥] – អនាគតនៃការអប់រំនៅកម្ពុជា គឺជាកិច្ចពិភាក្សាចំបង និងកិច្ចសហការយ៉ាងស៊ីជម្រៅនៅក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី ១៧-១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រមូលផ្តុំអ្នកសរសេរគោលនយោបាយ បុគ្គលិកអប់រំ អ្នកជំនាញព័ត៌មានវិទ្យា អ្នករៀបចំបច្ចេកវិទ្យាអប់រំ អ្នកដឹកនាំគ្រប់វិស័យ និងសិស្សានុសិស្ស ចំនួនជាង ២,០០០ ដើម្បីជំរុញសមាហរណកម្មបច្ចេកវិទ្យានៅក្នុងប្រព័ន្ធអប់រំកម្ពុជា។

សន្និសីទនេះ បានបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់វេទិកានេះ ដើម្បីស្វែងរកបញ្ហាប្រឈម និងឱកាសក្នុងការបង្កើតបរិយាកាសសិក្សា តាមប្រព័ន្ធឌីជីថលប្រកបដោយសមធម៌ និរន្តរភាព និងសុវត្ថិភាព។ ការពិភាក្សាផ្តោតលើ ការស្វែងរកប្រព័ន្ធអេកូឡូស៊ី EdTech ដែលកំពុងវិវត្តជំរុញនវានុវត្តន៍ និងការលើកកម្ពស់ ការអភិវឌ្ឍជំនាញសម្រាប់យុគសម័យឌីជីថល។

ក្រុមហ៊ុន សែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់របស់កម្ពុជា ដែលជាដៃគូឧបត្ថម្ភ បានគូសបញ្ជាក់ ពីការគាំទ្ររបស់ខ្លួន លើគំនិតផ្តួចផ្តើមនៃការធ្វើបរិវត្តកម្មវិស័យអប់រំឌីជីថលរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា “សន្និសីទនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ បរិវត្តកម្មវិស័យអប់រំនៅកម្ពុជា ក្រសួងបានព្យាយាមប្រើបច្ចេកវិទ្យា ដើម្បីបង្កើនលទ្ធភាពសិក្សា សម្រាប់សិស្សានុសិស្សទាំងអស់ ចំណែកឯការទទួលបានកិច្ចសហការឧបត្ថម្ភពីក្រុមហ៊ុន សែលកាត ក៏មានសារៈសំខាន់ណាស់ផងដែរ ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់យើងនេះ។ ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ក្នុងការផ្តល់ឧបករណ៍ឌីជីថល និងធនធានចាំបាច់ជូនសាលា។”

លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ” ក្រុមហ៊ុន សែលកាត មានមោទកភាពក្នុងការក្លាយជា ដៃគូយុទ្ធសាស្រ្តជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយជំរុញបរិវត្តកម្មឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជា។ យើងខ្ញុំជឿជាក់ថា លទ្ធភាពទទួលបានបច្ចេកវិទ្យា និងចំណេះដឹងឌីជីថលមានសារៈសំខាន់ សម្រាប់លើកកម្ពស់ដល់ ធនធានមនុស្សជំនាន់ក្រោយ។ សន្និសីទ និងពិព័រណ៍ ដែលមានការសហការឧបត្ថម្ភ របស់ក្រុមហ៊ុនជូនក្រសួងអប់រំ យុវជន និងកីឡានេះ បានបង្ហាញពីការជួយដល់ការកសាងអនាគត ដ៏ត្រចះត្រចង់សម្រាប់សិស្ស និស្សិតកម្ពុជា។

វត្តមានរបស់ក្រុមហ៊ុន សែលកាត មិនត្រឹមជាដៃគូឧបត្ថម្ភប៉ុណ្ណោះទេ ក្រុមហ៊ុនថែមទាំងមានដាក់ស្តង់បង្ហាញអំពីឧបករណ៍ ដែលអាចជួយដំណោះស្រាយបញ្ហាឌីជីថល សម្រាប់ស្ថាប័នអប់រំផងដែរ។ អ្នកចូលរួមក្នុងសន្និសីទ នឹងមានឱកាសស្វែងរកការផ្តល់ជូនដូចជា ប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SMIS), សេវាកម្មក្លោដ, Microsoft 365, គម្រោងកញ្ចប់ សែលកាតសេរីផ្លាស់, សែលកាតហូមវ៉ាយហ្វាយ (Cellcard Home Wi-Fi និងកម្មវិធី សែលកាតអេប APP ដែលងាយស្រួលប្រើ។ ការផ្តល់គម្រោងកញ្ចប់ជាពិសេសទាំងនេះ គឺសម្រាប់ការផ្សព្វផ្សាយព័ត៌មាន ដល់សាលារៀន និងបុគ្គលិកអប់រំផងដែរ។



