បណ្តាញទូរស័ព្ទចល័ត 4GLTE របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Opensignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម | សែលកាត

បណ្តាញទូរស័ព្ទចល័ត 4GLTE របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Opensignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ច័ន្ទ 03, 2020

ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសទទួលស្គាល់ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសនេះ បានបញ្ជាក់ឱ្យកាន់តែច្បាស់នូវភាពនាំមុខគេរបស់ក្រុមហ៊ុនសែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបង្ហាញឱ្យឃើញថាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនបទពិសោធន៍ប្រើប្រាស់បណ្តាញទូរស័ព្ទចល័តប្រកបដោយគុណភាពខ្ពស់ដល់អ្នកស្នេហាវិស័យហ្គេម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។

Opensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគទៅលើបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តរបស់អតិថិជន។

តាមរយៈរបាយការណ៍ចុងក្រោយរបស់ស្ថាប័ននេះស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់ជាងគេបំផុតក្នុងបណ្តាញ4G។

បទពិសោធន៏នៃការលេងហ្គេមរបស់សែលកាត នៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន 100 ខណៈក្រុមហ៊ុនមិត្តហ្វូនទទួលបានពិន្ទុ 39.9 ហើយក្រុមហ៊ុន Smart Axiata ទទួលបាន 38.8 ពិន្ទុ ។ (ពិន្ទុក្រោម 40 ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងកម្រិត “អន់បំផុត”។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើនកម្រិតគុណភាពបន្តទៀត ទើបអាចឈានទៅដល់កម្រិតប្រដំប្រសងគ្នាជាមួយនឹងទីផ្សារកីឡាអេឡិចត្រូនិចឈានមុខគេផ្សេងទៀតដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម ដែលទីផ្សារទាំងពីរនេះ ទទួលបានពិន្ទុសម្រាប់បទពិសោធន៍នៃការលេងហ្គេម ច្រើនជាង 70 (ពោលគឺឋិតនៅក្នុងកម្រិត “បង្គួរ”) ។

លោក វ៉ាតសុន បានមានប្រសាសន៍បន្តទៀតថា៖ “សែលកាតបានចាប់ផ្តើមផ្តោតទៅលើវិស័យកីឡាអេឡិចត្រូនិច ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រកួត ក៏ដូចជាចាប់ដៃគូសហការ ដើម្បីជួយបំពេញសេចក្តីត្រូវការរបស់សហគមន៍កីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ដែលតាមរយៈការប៉ាន់ស្មាន គឺមានប្រហែលជាង 2 លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ។

“ខណៈដែលសែលកាតអាចទទួលបានពិន្ទុ 47.2 សម្រាប់បទពិសោធន៍នៃការលេងហ្គេម4Gនេះ គឺយើងអាចសន្មត់បានថា វាជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថាបើពិនិត្យមើលទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ីឯណោះវិញ ទីផ្សារឈានមុខគេទាំងពីរនេះ មានអ្នកលេងហ្គេមប្រហែលជាង 20 លាននាក់ ហើយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តរបស់ពួកគេដែលមានដូចជា AIS និង Maxis វិញទៀតសោត ក៏សុទ្ធតែមានសមត្ថភាពខ្ពស់ទៅលើការរៀបចំកម្មវិធីសម្រាប់វិស័យកីឡាអេឡិចត្រូនិចរបស់ពួកគេផងដែរ។

ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តគាំទ្រ ក៏ដូចជាជួយអភិវឌ្ឍសហគមន៍វិស័យកីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា រួមទាំងជួយផ្សាភ្ជាប់កីឡាករក្នុងស្រុកជាមួយនឹងវិស័យកីឡាអេឡិចត្រូនិចអន្តរជាតិដែលកំពុងរីកលូតលាស់ជាខ្លាំង ដើម្បីចូលរួមជម្រុញទឹកចិត្តដល់អ្នកសេ្នហាវិស័យហ្គេមទាំងអស់ ដែលមានបំណងចង់ក្លាយខ្លួនជាកីឡាករអាជីព នៅក្នុងវិស័យកីឡាមួយនេះ។

លោក វ៉ាតសុន បានមានប្រសាសន៍បន្ថែមថា លោកសូមកោតសរសើរជាខ្លាំង ចំពោះស្ថាប័នឯករាជ្យអន្តរជាតិ ដែលក្នុងនោះរួមមានស្ថាប័ន Opensignal ជាដើម ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីតម្រូវការ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ក្នុងសម័យដ៏ជឿនលឿនបំផុតបែបនេះ ដើម្បីណែនាំនូវកម្រិតវាស់ស្ទង់ថ្មី តួយ៉ាងដូចជា បទពិសោធន៍នៃការលេងហ្គេមនេះជាដើម។

កម្រិតវាស់ស្ទង់ថ្មីនេះ ដែលត្រូវបានបង្កើតផ្អែកលើស្តង់ដាររបស់ ITU (សហភាពទូរគមនាគមន៍អន្តរជាតិ) នឹងចូលរួមវិភាគទៅលើ បទពិសោធន៍នៃការលេងហ្គេមជាលក្ខណៈបណ្តាញលើទូរស័ព្ទចល័ត ថាតើវានឹងមានឥទ្ធិពលបែបណាខ្លះ ទៅលើលក្ខខណ្ឌបណ្តាញទូរស័ព្ទចល័ត ដែលក្នុងនោះរួមមានទាំងល្បឿននៃការបញ្ជូនទិន្នន័យ  និងបញ្ហារួមទាំងភាពយឺតយ៉ាវនៃការបញ្ចូនរលកសញ្ញាផងដែរ។
លោក វ៉ាតសុន បានឱ្យដឹងទៀតថា៖ “ក្នុងចំណោមកីឡាករហ្គេមទាំងអស់ ពិតជាមិនមាននរណាដែលចង់ចាញ់ការប្រកួត ដោយសារតែបណ្តាញអ៊ីនធើណិតដំណើរការយឺតនោះឡើយ”។

“ជាពិសេសសម្រាប់កីឡាអេឡិចត្រូនិច ដែលជាប្រភេទហ្គេមទាមទារឱ្យប្រើប្រាស់ជំនាញខ្លាំងនេះតែម្តង គឺបណ្តាញអ៊ីនធើណិតមានតួនាទីសំខាន់ខ្លាំងណាស់ ពោលគឺវាអាចមានឥទ្ធិពលកំណត់ជោគវាសនាអ្នកនាំមុខគេនៅក្នុងតារាងចំណាត់ថ្នាក់តែម្តង”។

ដើម្បីអបអរសាទរនូវសមិទ្ធិផលដែលទទួលបាននេះ ក្រុមហ៊ុនសែលកាត នឹងធ្វើការរៀបចំកម្មវិធីផ្សាយរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី 14 ខែសីហាខាងមុខនេះ ដើម្បីឱ្យអ្នកលេងហ្គេមអាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាដើម្បីឱ្យពួកគាត់បានទស្សនា នូវការប្រកួតប្រជែងគ្នាដោយផ្ទាល់របស់កីឡាករហ្គេមអាជីព នៅលើបណ្តាញទូរស័ព្ទចល័តសែលកាតផងដែរ។

ព្រឹត្តិការណ៍ប្រកួតប្រជែងនេះ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកថ្មីរបស់សែលកាត ដែលមានឈ្មោះថា PlayGame ដោយក្នុងនោះ នឹងមានការចូលរួមពីសំណាក់កីឡាករ​ និងអ្នកអត្ថាធិប្បាយល្បីៗ រួមមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមកីឡាករផ្សេងៗជាច្រើនទៀតផងដែរ។

ព័ត៌មានបន្ថែមស្តីអំពីការវាស់ស្ទង់ និងការផ្តល់ពិន្ទុទៅលើ បទពិសោធន៍នៃការលេងហ្គេម របស់ស្ថាប័ន OpenSignal (2020)៖
Opensignal Awards – របាយការណ៍បទពិសោធន៍ប្រើប្រាស់សេវាទូរស័ព្ទនៅកម្ពុជា ខែសីហា 2020, ផ្អែកលើការវិភាគឯករាជ្យនៃការវាស់ស្ទង់ការប្រើប្រាស់សេវាទូរស័ព្ទ ក្នុងអំឡុងពេល ចាប់ពីថ្ងៃទី 01 តុលា – 29 ខែធ្នូឆ្នាំ 2019។ © 2020 Opensignal Inc.
សម្រាប់ការវាស់ស្ទង់ទៅលើ បទពិសោធន៍នៃការលេងហ្គេមលើទូរស័ព្ទចល័តជាលក្ខណៈបណ្តាញ គឺប្រទេសសិង្ហបុរី ជាជ័យលាភីមេដាយមាស ដែលទទួលបានពិន្ទុ 84.5
កីឡាករនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ីមានកម្រិត បទពិសោធន៍នៃការលេងហ្គេម ច្រើនសណ្ឋានជាងតំបន់ផ្សេងៗដទៃទៀត ដោយក្នុងនោះ៖
31 ភាគរយនៃបណ្តាប្រទេសក្នុងទ្វីបអាស៊ី បានស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្សោយ 27 ភាគរយ បានឋិតនៅក្នុងកម្រិតបង្គួរ 15 ភាគរយ ទទួលបានចំណាត់ថ្នាក់ល្អ និង 8 ភាគរយទៀត ទទួលបានចំណាត់ថ្នាក់ល្អបំផុត។
ទីផ្សារហ្គេមសំខាន់ៗនៅក្នុងអាស៊ី ដែលទើបតែឈានដល់កម្រិតពាក់កណ្តាលនៃតារាងសម្រាប់បទពិសោធន៍នៃការលេងហ្គេមមានដូចជា៖ ទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី ថៃ និង វៀតណាម ដែលបទពិសោធន៍នៃការលេងហ្គេមមានកម្រិតបង្គួរ ខណៈប្រទេសឥណ្ឌូណេស៊ីបានធ្លាក់ចូលទៅក្នុងចំណាត់ថ្នាក់ខ្សោយ ដោយទទួលបានពិន្ទុត្រឹមតែ 63.6 ប៉ុណ្ណោះ៕

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤]– ក្រុ...

តុលា, ថ្ងៃ​ច័ន្ទ 14, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ – ក្រុមហ៊ុ...

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!