[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤] – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលហៅជាពាណិជ្ជកម្ម ថាក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខនៅកម្ពុជា និង អង្គការ អ៊ីប៊ីស៊ី (ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា) មានសេចក្តីរីករាយក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ដល់ការអប់រំឌីជីថលនៅកម្ពុជា។ កិច្ចសហការនេះ នឹងលើកកម្ពស់ដល់សិស្ស និងគ្រូបង្រៀនតាមរយៈការធ្វើឲ្យការសិក្សារៀនសូត្រ អាចចូលដំណើរការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈប្រព័ន្ធ អ៊ីប៊ីស៊ី ឲ្យកាន់តែប្រសើរឡើង។
ពិធីចុះហត្ថលេខានេះ បានប្រារព្ធឡើងនាថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ២ ដល់ ៤ រសៀល នៅមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់រេលវេ។ កម្មវិធីនេះ មានកិត្តិយសបានចូលរួម ក្រោមវត្តមានដ៏ខ្ពង់ខ្អស់ ពីគណៈអធិបតី៖
- ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន គណៈកម្មការគ្រប់គ្រងគម្រោងស្ដីពីការបង្កើត និងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ
- លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គណៈកម្មការគ្រប់គ្រងគម្រោងស្ដីពីការបង្កើត និងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី ចេង ស្រីតំ នាយិកានៃអង្គការ អ៊ីប៊ីស៊ី និងលោកស្រី Marina Pykhteeva នាយិកា នាយកដ្ឋានប្រតិបត្តិការនៃ ក្រុមហ៊ុន សែលកាត។
កិច្ចសហការនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សែលកាត ក្នុងការគាំទ្រដល់បរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់ដល់សិស្ស និងគ្រូបង្រៀនតាមរយៈការធ្វើឲ្យការសិក្សារៀនសូត្រ អាចចូលដំណើរការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈការពង្រឹងប្រព័ន្ធ អ៊ីប៊ីស៊ី ។ គំនិតផ្តួចផ្តើមនេះស្របជាមួយនឹង គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលរបស់កម្ពុជាឆ្នាំ 2022-2035 ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំឌីជីថល ក្នុងការអនុញ្ញាតឲ្យសិស្សានុសិស្ស អាចរៀនដោយខ្លួនឯង និងអនុវត្តការសិក្សាបានល្អជាងការសិក្សាក្នុងថ្នាក់រៀន។
លោកស្រី Marina Pykhteeva មានប្រសាសន៍ថា “ក្នុងនាមជា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខ ក្រុមហ៊ុន សែលកាត ប្តេជ្ញា ត្រូវតែផ្តល់ត្រឡប់ជូនសហគមន៍វិញ ក៏ដូចជាជួយជំរុញវិស័យឌីជីថល ជូនយុវជនជំនាន់ក្រោយ ។ ភាពជាដៃគូរបស់យើងជាមួយអង្គការ អ៊ីប៊ីស៊ី បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះទំនួលខុសត្រូវសង្គម និងចក្ខុវិស័យរួមគ្នារបស់យើង ដើម្បីលើកកម្ពស់វិស័យឌីជីថលនាពេលអនាគត សម្រាប់យុវជនកម្ពុជា »។
លោកស្រី ចេង ស្រីតំ នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (អង្គការ អ៊ីប៊ីស៊ី)ក៏បានលើកឡើងថា៖ “ក្នុងនាមជាស្ថាប័នផលិត និងផ្សព្វផ្សាយមាតិកាអប់រំឈានមុខមួយនៅកម្ពុជា អង្គការ អ៊ីប៊ីស៊ី មានការប្តេជ្ញាចិត្តក្នុងការជំរុញ និងអភិវឌ្ឍស្តង់ដារអប់រំ និងជំរុញជំនាញឌីជីថលនៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយក្រុមហ៊ុន សែលកាត នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកឱកាសសិក្សា និងពង្រីកវិសាលភាពនៃការអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្ស គ្រូបង្រៀន និងសហគមន៍ទូទាំងប្រទេសកម្ពុជា។ យើងរួមគ្នាកសាងមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែងនៅកម្ពុជា”។
តាងនាមដ៏ខ្ពង់ខ្ពស់ពីវិស័យអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ គឹម សេដ្ឋានី បានមានប្រសាសន៍ថា “ថ្ងៃនេះ នាងខ្ញុំពិតជាមានសេចក្តីរំភើប ដែលបានឃើញការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន សែលកាត និងអង្គការ អ៊ីប៊ីស៊ី(ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា)។ កិច្ចសហប្រតិបត្តិការនេះ ជាជំហានឆ្ពោះទៅមុខ សម្រាប់ការលើកកម្ពស់ការអប់រំឌីជីថល ធ្វើឲ្យការសិក្សាអាចចូលប្រើបានគ្រប់ពេលវេលា គ្រប់ទីកន្លែងសម្រាប់សិស្ស និងគ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជា។ យើងទាំងអស់ រួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលឆ្នាំ ២០២២-២០៣៥ របស់យើង។
ទន្ទឹមនឹង មតិលើកឡើងក្នុងសុន្ទរកថារបស់ឯកឧត្តម សុខ ពុទ្ធិវុធ មានប្រសាសន៍ថា“ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការគាំទ្រពីក្រសួង ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ ជាក់ស្តែង ការចុះអនុស្សរណៈយោគយល់រវាងអង្គការអ៊ី ប៊ី ស៊ី និងក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក នាពេលនេះ បាននឹងកំពុងធ្វើឱ្យបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ។ ទាំងនេះគឺជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមដូចជា គម្លាតនៃការសិក្សារវាងទីក្រុង និងជនបទ និងការសិក្សាពេញមួយជីវិតរបស់ប្រជាពលរដ្ឋ។”
កិច្ចសហប្រតិបត្តិការនេះបានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសង្កត់ធ្ងន់លើបច្ចេកវិទ្យាជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវគោលដៅចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
ភាពជាដៃគូនេះ នឹងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាងនៃការអប់រំឌីជីថលសម្រាប់និស្សានុសិស្សកម្ពុជា ដោយផ្តល់ឲ្យពួកគេនូវឧបករណ៍ និងធនធានដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យក្នុងសតវត្សទី ២១ នេះ។
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (ក្រុមហ៊ុន សែលកាត)
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។
អំពីស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)
ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បង្កើតឡើងក្នុងចក្ខុវិស័យដើម្បីអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជា ក្រោមការសហការពីអ្នកជំនាញបច្ចេកទេសក្នុងនិងក្រៅប្រទេស រួមគ្នាដើម្បីពង្រឹងវិស័យអប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចង់សិក្សា។ បេសកកម្មរបស់យើងគឺផ្តល់មាតិកាអប់រំដែលមានគុណភាព សម្ភារៈសិក្សា និងប្រព័ន្ធសិក្សាតាមបែបឌីជីថល ជាពិសេសឥតគិតថ្លៃដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ។ យើងជឿជាក់ថា ការអប់រំគឺជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប និងជាឧបករណ៍សំខាន់មួយក្នុងការកសាងអនាគតភ្លឺស្វាងសម្រាប់យើងទាំងអស់គ្នា។