ថ្ងៃនេះ ក្រុមហ៊ុនសែលកាត (Cellcard) បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការដាក់បណ្តាញ 5G Standalone (SA) ឲ្យប្រើប្រាស់សាកល្បងជាលើកដំបូងក្នុងតំបន់ ដែលមានល្បឿនរហូតដល់ក្នុង 1.6 Gigabits មួយវិនាទី។
ទីក្រុងភ្នំពេញគឺជាតំបន់ដំបូងគេដែលគ្រប់ដណ្តប់ដោយបណ្តាញ 5G ពិតប្រាកដ មានន័យថាវាតភ្ជាប់គ្នាផ្ទាល់ជាមួយ 5G Radio ទៅនឹងបណ្តាញស្នូលរបស់ 5G ដែលនិងអាចធ្វើការបង្កើតទំនាក់ទំនងនៅលើបណ្តាញសម្រាប់ការប្រើប្រាស់ផ្សេងៗ។
ក្រុមការងារ Cellcard បានធ្វើតេស្តយ៉ាងស្វិតស្វាញដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្តទៅលើល្បឿននៃការអាប់ឡូត (Upload) ដោនឡូត(Download) លេថិនស៊ី (latency) និងគុណភាពសម្លេង។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន (Ian Watson) បានមានប្រសាសន៍ថាធ្វើតេស្តសាកល្បងនេះបានត្រៀមរួចរាល់ហើយសម្រាប់ការដាក់ឲ្យប្រើប្រាស់បណ្តាញ 5G នៅដើមឆ្នាំក្រោយ នៅតំបន់គោលដៅដូចជាទីក្រុងភ្នំពេញ សៀមរាប និងព្រះសីហនុ។
ភាពឈានមុខលើបណ្តាញ 5G របស់ក្រុមហ៊ុនបានកើតឡើងបន្ទាប់ពីភាពជោគជ័យក្នុងការដាក់ឲ្យប្រើប្រាស់បណ្តាញ 4G LTE កាលពីខែមករា ឆ្នាំ2017កន្លងទៅនេះ ដែលការបណ្តាក់ទុនលើការដំណើរការបណ្តាញទូរស័ព្ទ និងការប្រើប្រាស់ទូទាំងប្រទេសមានតម្លៃប្រមាណជាង 200 លានដុល្លា។
ចរាចរនៅលើបណ្តាញ Cellcard បានកើនឡើង 1000% ក្នុងរយៈពេល ២ឆ្នាំមុន និងការប្រើប្រាស់ជារៀងរាល់ថ្ងៃកើនឡើងជាមធ្យមពី 200MB ដល់600MB។
លោក Watson បានបន្ថែមទៀតថា៖ «ក្រុមហ៊ុន Cellcard យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការប្តេជ្ញារបស់ខ្លួនក្នុងការក្លាយខ្លួនអ្នកនាំមុខផ្នែកបច្ចេកវិទ្យាឌីជីថល 5G ក្នុងប្រទេសកម្ពុជានាពេលអនាគត ដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។
«ក្នុងនាមជាអ្នកប្រតិបត្តិការជនជាតិខ្មែរ វាជាកាតព្វកិច្ចរបស់ពួកយើងក្នុងការសម្រេចឲ្យបានថា ការដាក់ឲ្យប្រើប្រាស់បណ្តាញ 5G នឹងផ្តល់ឥទ្ធិពលដ៏ល្អមួយដល់មនុស្សធម៌ និងជួយឲ្យជីវិតកាន់តែប្រសើរ»។
«ពួកយើងបានមើលឃើញថា បណ្តាញ 5G គឺជាកត្តាជម្រុញដល់ការពង្រឹងជីវភាពរស់នៅ រួមមាន សុខភាព ការអប់រំ និងការងារ ដែលគាំទ្រដល់ឧស្សាហកម្មនិងដំណើរការរបស់រដ្ឋាភិបាល ក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែរីកចម្រើន»។
លោក វ៉ាត់សុន (Watson) បានឲ្យដឹងថាការដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនេះនឹងផ្តោតទៅលើផលិតផល និងសេវា Enhanced Mobile Broadband (eMBB) ល្បឿនមាតិកា និង Virtual and Augmented Reality សម្រាប់ការអប់រំ និងកំសាន្ត ក៏ដូចជាឧបករណ៍សម្រាប់សន្តិសុខ និងភាពងាយស្រួលនៅតាមផ្ទះ។
លោកបានបន្តថា ក្រុមហ៊ុន Cellcard នឹងបន្តបង្កើតដំណោះស្រាយផ្សេងៗទៀតសម្រាប់ឧស្សាហកម្មនានា និងរដ្ឋាភិបាល ដូចជា Big Data Internet of Things (IoT) និង Artificial Intelligence។
ការដាក់ចេញនូវគម្រោង 5G ដ៏ធំរបស់ក្រុមហ៊ុន Cellcard នាឆ្នាំ២០២០នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ ស្របពេលដែលមជ្ឈមណ្ឌលផ្ទុកទិន្ន័យ (Data Centre) លំដាក់ពិភពលោកក្នុងទីក្រុងភ្នំពេញ ត្រូវបានសាងសង់ឡើង ជាមួយនឹងទម្រង់ និងប្រព័ន្ធដ៏ច្រើនដែលបានធ្វើឲ្យក្រុមហ៊ុន Cellcard ក្លាយជាអ្នកផ្តល់សេវាទៅលើ របៀបរស់នៅបែបឌីជីថលនិងសេវាកម្មផ្នែកសហគ្រាស។